ប្រវត្តិធនាគារ អេស៊ីលីដា
ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុមដូចខាងក្រោម ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើន ដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។ ការពង្រីកបណ្ដាញប្រតិបត្តិការគ្របដណ្ដប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឱ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងស្ថិរភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម (ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ។
នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដៃអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដា ដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីន្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឱ្យភាគទុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។ នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។
បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេរជាបី ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។
ល.រ | កាលបរិច្ឆេទ | ដើមទុន (គិតជាដុល្លារអាមេរិក) |
---|---|---|
១ | ខែតុលា ឆ្នាំ២០០០ | ៤.០០០.០០០ ដុល្លារអាមេរិក |
២ | ខែធ្នូ ឆ្នាំ២០០៣ | ១៣.០០០.០០០ ដុល្លារអាមេរិក |
៣ | ខែតុលា ឆ្នាំ២០០៦ | ៣០.០០០.០០០ ដុល្លារអាមេរិក |
៤ | ខែធ្នូ ឆ្នាំ២០០៧ | ៥០.០០០.០០០ ដុល្លារអាមេរិក |
៥ | ខែវិច្ឆិកា ឆ្នាំ២០០៨ | ៦០.០០០.០០០ ដុល្លារអាមេរិក |
៦ | ខែមិថុនា ឆ្នាំ២០០៩ | ៦៨.១៥០.០០០ ដុល្លារអាមេរិក |
៧ | ខែមិថុនា ឆ្នាំ២០១១ | ៧៨.៣៧២.៥០០ ដុល្លារអាមេរិក |
៩ | ខែធ្នូ ឆ្នាំ២០១១ | ៨៨.៣៧២.៥០០ ដុល្លារអាមេរិក |
១០ | ខែឧសភា ឆ្នាំ២០១២ | ១១៣.១៦៩.៥៦០ ដុល្លារអាមេរិក |
១០ | ខែឧសភា ឆ្នាំ២០១៣ | ១៨៥.៦៧១.៨៥៧ ដុល្លារអាមេរិក |
១១ | ខែមិថុនា ឆ្នាំ២០១៤ | ២២៥.៥៣៥.៦០៥ ដុល្លារអាមេរិក |
១២ | ខែមិថុនា ឆ្នាំ២០១៥ | ២៦៥.៧២៦.០៥០ ដុល្លារអាមេរិក |
ភាគទុនិក | កម្មសិទ្ធិ (%) | តម្លៃចុះបញ្ជី (ដុល្លារអាមេរិក) | ចំនួនហ៊ុន |
---|---|---|---|
អង្គការ អេស៊ីលីដា | ២៥,១០៦១% | ៦៦.៧១៣.៤៩៩$ | ៦៦.៧១៣.៤៩៩ |
ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី | ២៥,៨៩៣៩% | ៦៨.៨០៦.៧៩២$ | ៦៨.៨០៦.៧៩២ |
COFIBRED | ១២,២៥០០% | ៣២.៥៥១.៤៤០$ | ៣២.៥៥១.៤៤០ |
Sumitomo Mitsui Banking Corporation | ១៨,២៥០០% | ៤៨.៤៩៥.០០៣$ | ៤៨.៤៩៥.០០៣ |
ORIX Corporation | ១២,២៥០០% | ៣២.៥៥១.៤៤០$ | ៣២.៥៥១.៤៤០ |
Triodos Microfinance Fund | ២,៥៥០៨% | ៦.៧៧៨.១៦៨$ | ៦.៧៧៨.១៦៨ |
Triodos Fair Share Fund | ២,១៨១៤% | ៥.៧៩៦.៤៩៧$ | ៥.៧៩៦.៤៩៧ |
Triodos Sustainable Finance Foundation | ១,៥១៧៨% | ៤.០៣៣.២១១$ | ៤.០៣៣.២១១ |
សរុប | ១០០% | ២៦៥.៧២៦.០៥០$ | ២៦៥.៧២៦.០៥០ |
ចាប់តាំងពីឆ្នាំ២០០០ មក ធនាគារអេស៊ីលីដា បានធ្វើការពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងលឿន ជាមួយនឹងអត្រាកើនឡើងជាមធ្យមនៃចំនួនទឹកប្រាក់ឥណទានសរុប ៤១% ក្នុងមួយឆ្នាំ ។ នាដំណាច់ឆ្នាំ២០១៥ ធនាគារអេស៊ីលីដា មានទ្រព្យសកម្មសរុប ៣.៨០៣ លានដុល្លារអាមេរិក ព្រមទាំងកាន់កាប់ទីផ្សារបានប្រមាណ ១៩,៨% នៃទីហំទ្រព្យសកម្មសរុប, ២០,៧% នៃទំហំទីផ្សារឥណទានសរុប និង ២២,៣% នៃទំហំទីផ្សារប្រាក់បញ្ញើសរុប នៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ន ធនាគារអេស៊ីលីដា មានសមតុល្យឥណទានសរុបប្រមាណ ២៦១៩,៦៦លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ៤១៨.៤២២នាក់ ដែលក្នុងនោះមាន ៥០,៧៣% ជាស្ត្រី ។ ធនាគារមានបុគ្គលិកសរុប ១១.៩៩១កំពុងបម្រើការងារនៅក្នុង ២៥៨សាខា ដែលគ្របដណ្តប់គ្រប់ខេត្ត-រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ។
ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) ។ យើងខ្ញុំមានសេវាធនាគារអេឡិចត្រូនិក សេវាហិរញ្ញប្បទានពាណិជ្ជកម្ម (Documentary Collection, សេវាលិខិតឥណទាន, សេវាលិខិតធានា និង សេវាឥណទានពាណិជ្ជកម្ម) និង សេវាចាត់ចែងសាច់ប្រាក់ មានដូចជា ៖ សេវាប្តូរប្រាក់, សេវាបញ្ជាអចិន្រ្តៃយ៍, សេវាទូទាត់សាច់ប្រាក់, សេវាសម្រួលគណនីអតិថិជន, សេវាបើកប្រាក់បៀវត្ស, សេវាលិខិតអះអាងលើគណនីនិងព័ត៌មានអតិថិជន, សេវាមូលប្បទានបត្រសាច់ប្រាក់, សេវាប្រមូលសាច់ប្រាក់, សេវាមូលប្បទានបត្រទេសចរណ៍, សេវាទិញមូលប្បទានបត្របរទេស, សេវាមូលប្បទានប័ណ្ណ, សេវាបញ្ញើតាមរយៈប្រអប់សុវត្ថិភាព, សេវាប្រមូលប្រាក់បង់ពន្ធ និងសេវាធនាគារដទៃជាច្រើនទៀត ។
ការិយាល័យកណ្ដាល របស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងបណ្ដាញប្រតិបត្តិការគ្របដណ្ដប់ រាជធានីភ្នំពេញ, ខេត្តបន្ទាយមានជ័យ,ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម, ខេត្តកណ្តាល, ខេត្តកោះកុង, ខេត្តកំពត, ខេត្តកែប, ខេត្តកំពង់ស្ពឺ, ខេត្តក្រចេះ, ខេត្តកំពង់ធំ, ខេត្តមណ្ឌលគិរី, ខេត្តឧត្តរមានជ័យ,ខេត្តប៉ៃលិន, ខេត្តពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តព្រះវិហារ, ខេត្តរតនគិរី, ខេត្តព្រះសីហនុ, ខេត្តសៀមរាប, ខេត្តស្ទឹងត្រែង, ខេត្តស្វាយរៀង, ខេត្តតាកែវ, និង ខេត្តត្បូងឃ្មុំ ។
0 comments:
Post a Comment