SEDA Shop

Thursday, May 5, 2016

បទ​ «ម្លប់​ដូង​ទី​ដប់​» បង្កប់​ប្រវត្តិ​ស្នេហ៍​របស់​កវី​ម្ចាស់​បទ​ផ្ទាល់​

ខេត្តបាត់ដំបង ៖ ស្ទឹងសង្កែ និងម្លប់ដូងទីដប់ រក្សាទុកនូវប្រវត្តិស្នេហា ប្រេះឆាខ្ទេចខ្ទាំមួយ រាប់សិបឆ្នាំមកហើយ ។ នៅពេលថ្ងៃរៀបលិច គ្របដណ្តប់ទីឋាននោះ បង្កើតនូវមនោសញ្ចេតនា លន្លង់លន្លោច ខ្លោចផ្សា ជាពិសេសសម្រាប់អ្នក មានបេះដូងប្រេះស្រាំ ដូចរឿងនិទានក្នុងបទ «ម្លប់ដូងទីដប់» ។ អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត ជាអ្នកច្រៀងថ្ងួចថ្ងូរ វិយោគខ្លោចផ្សារឿងស្នេហានេះ ប៉ុន្តែលោកគ្រាន់តែជា តួអង្គសម្តែងជំនួស តួអង្គពិត គឺកវីគង្គ ប៊ុនឈឿន ប៉ុណ្ណោះ ។ ទីតាំងម្លប់ដូងទីដប់ នៅមាត់ស្ទឹងសង្កែ មិនទាន់រលត់រលាយនៅឡើយ តែជីវិតស្នេហាកវី គង្គ ប៊ុនឈឿន រលត់រលាយសូន្យបង់ យូរមកហើយ ឥឡូវទីឋាននោះ ក្លាយជាផ្នូរស្នេហារបស់លោកទៅវិញ ។ ក្នុង ចំណោមដើមដូងទាំងជួរ នៅត្រើយខាងលិចស្ទឹងសង្កែ មានដើមដូងមួយស្ថិតនៅ ចំពីមុខកំពង់វត្តពោធិ៍វាល គឺដើមដូងនោះហើយ ជាដើមដូងទីដប់ បង្កប់នូវប្រវត្តិស្នេហ៍ របស់លោក គង្គ ប៊ុនឈឿន និងជាដើមដូងដើមកំណើត នៃបទចម្រៀងមនោសញ្ចេត នាលន្លង់លន្លោច «ម្លប់ដូងទីដប់» ។ នៅក្រោមដើមដូងនោះ មានបង់ថ្មមួយដែលកវីគង្គ ប៊ុនឈឿន ធ្លាប់ទៅអង្គុយបណ្តែតអារម្មណ៍ នាពេលទឹកជន់ និងទឹកស្រក ជាពិសេសអង្គុយរង់ចាំ គូសង្សាររបស់លោក ប៉ុន្តែនាងពុំបានមកជួបលោក តាមការសន្យាទេ ។ «ពេលមួយខ្ញុំបាន ណាត់ជួបនាងនៅមាត់ស្ទឹងសង្កែ ក្រោមម្លប់ដូងទីដប់ តែនាងមិនមកទេ ទោះជាខ្ញុំបានណាត់សន្យា កាលពីថ្ងៃក៏ដោយ ។ ទឹកជន់ហូរកាចស្ទឹងបោះពួយ នាំពពុះសំណាត់រសាត់ទៅកាន់បឹងទន្លេ សាបដោយគ្មានវិលត្រឡប់ ពាំនាំទាំងស្នេហា អស់សង្ឃឹមរបស់ខ្ញុំទៅជា មួយផង ធ្វើឱ្យបេះដូងខ្ញុំមានរបួស» ។ លោកគង្គ ប៊ុនឈឿន បានថ្លែងបែបនេះ ក្នុងសៀវភៅកំណាព្យស្នេហ៍ មាសរបស់លោក ។ ពន្លក ស្នេហារបស់លោកគង្គ ប៊ុនឈឿន កើតឡើងចំពេលដំណើរជីវិត របស់លោកធ្លាក់ចុះដុនដាបខ្លាំង ។ ពេលនោះម្តាយរបស់លោក ឈឺស្លាប់នៅក្រោមផ្ទះគេ ឯរូបលោកត្រូវបង្ខំចិត្ត បោះបង់ចោលការសិក្សា ។ លើសពីនេះទៀត កូនស្រីអ្នកជិតខាងម្នាក់ ដែលជាគូសង្សាររបស់លោក ហើយនាងធ្លាប់សច្ចាស្បថស្បែថា ស្មោះស្ម័គ្រចំពោះរូបលោកនោះ បែរជាបោះបង់ចោលរូបលោក ទាំងគ្មានអាល័យទៅវិញ ។ លោកគង្គ ប៊ុនឈឿន បញ្ជាក់ថា បទចម្រៀងម្លប់ដូងទីដប់ ចាប់កំណើតឡើង នៅក្នុងកំណត់ហេតុនិពន្ធរបស់ លោកតាំងតែពីឆ្នាំ១៩៦៩ ម៉្លេះ ប៉ុន្តែលោកមិនទាន់បានបញ្ចេញឱ្យ អ្នកចម្រៀងណាម្នាក់ច្រៀងទេ ។ លុះដល់ឆ្នាំ១៩៧២ ទើបលោករៀបចំបទចម្រៀងនេះ ឡើងវិញដើម្បីថតចូលថាសផ្សព្វផ្សាយ ។ បទនេះស្ថិតក្នុងកម្រងបទចម្រៀង «កំលោះហុងដា កញ្ញាប៉េសេ» ហើយមានប្រជាប្រិយភាពរហូតដល់បច្ចុប្បន្ន ។ ទំនុកច្រៀងខ្លោចផ្សាលាយឡំ ដោយសំឡេងថ្ងួចថ្ងូររបស់លោកស៊ីន ស៊ីសាមុត ធ្វើឱ្យបទ «ម្លប់ដូងទីដប់» កាន់តែលន្លង់លន្លោចខ្លោចផ្សាខ្លាំងឡើង។ «មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ៍លាយ នឹងជំនោរថ្ងួចថ្ងូរផ្តាំ ពេលសាយណ្ហ រៃយំទ្រហឹងលាស្ទឹងកវីនិពន្ធ សូរិយាទោរទន់ពួនក្រោយផ្ទះស្រី ។ ដើមដូងទីដប់ម្លប់គ្របមាត់ស្ទឹង បងឈររំពឹង ឈរចាំព្រលឹង ស្ងាត់ឈឹងលុះលង់រាត្រី អូនភ្លេចសន្យាដែលបានវាចាពីថ្ងៃ ថាម៉ោងប្រាំបីស្រីមកជួបបង ។ ឥឡូវស្ងាត់សូន្យដូចក្បូនរសាត់ ទឹកកួចសំណាត់ហូរលឿនកន្លង បុណ្យផ្កាវត្តពោធិ៍ នៅមិនទាន់ឆ្លង មិនគួរនួនល្អងបែរខ្នងសូន្យសោះ ។ ភ្លេងការ គ្រឹមៗពីទួលតាឯក ក្លាយជាក្លងខែក នារីពស់វែកបិទភ្នែករៀបការនឹងប្រុស បងឈរមាត់ស្ទឹងប្រឹងយំរងំក្នុងពោះ លាស្រីស្រោមងោះឈ្មោះក្នុងជាខ្លា» ។ ទំនុកច្រៀងនេះមិនត្រឹមតែកវីម្ចាស់រឿងពិតទេ ដែលឈឺចាប់ខ្លោចផ្សា សូម្បីតែលោកស៊ីន ស៊ីសាមុត ក៏ស្រណោះស្រណោកខ្លោចផ្សាដែរ ។ តាមលោកគង្គ ប៊ុនឈឿន ថ្លែងថា «លោកស៊ីន ស៊ីសាមុត ពេលច្រៀងបទនេះ ច្រៀងផង ខ្សឹកខ្សួលផង ហាក់ដូចជាជួយរួមចំណែក កាន់ទុក្ខមរណភាពស្នេហា របស់ខ្ញុំដែលមាន កំណើតនៅមាត់ស្ទឹងសង្កែ ហើយត្រូវរលាយទៅវិញនៅស្ទឹងនោះដែរ» ។ លោក គង្គ ប៊ុនឈឿន កើតនៅឆ្នាំ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ឪពុករបស់លោកឈ្មោះគង្គ ឈិន មានប្រភពកំណើតនៅឃុំព្រៃល្វា ខេត្តតាកែវ ម្តាយឈ្មោះម៉ ភឹង ជាអ្នកឃុំព្រែកហ្លួង ស្រុកសង្កែ ខេត្តបាត់ដំបង ។ បទ ចម្រៀង «ម្លប់ដូងទីដប់» រាប់សិបឆ្នាំមកហើយ នៅតែថ្ងួចថ្ងូរបង្ហាញរឿងស្នេហា ប្រេះឆារបស់កវី នៃបទនេះ ហើយនឹងនៅតែបន្តទៅទៀត មិនដឹងពេលណានឹងបញ្ចប់ទេ ។ ដោយមិនគិតថា ជារឿងពិតរបស់នរណាម្នាក់ បទនេះអាចត្រូវនឹងរឿងពិត របស់យុវជន ជំនាន់ក្រោយ ហើយជាចំណីអារម្មណ៍ ស្រូបទាញការចាប់អារម្មណ៍ របស់អ្នកស្តាប់យ៉ាង ខ្លាំង ៕

0 comments:

Post a Comment